សំណួរដែលត្រូវបានសួរញឹកញាប់
ចម្លើយតបទៅកាន់សំណួររបស់លោកអ្នក
វាអាចជួយសម្រួលដល់លោកអ្នកឲ្យមានភាពងាយស្រួលក្នុងការស្វែងរកចម្លើយរួមទាំងកម្មវិធីសិក្សា និងការទស្សនកិច្ចនៅឯសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល។ បើសិនជាលោកអ្នកមិនអាចស្វែងរកចម្លើយនៅទីនេះបាន លោកអ្នកអាចទាក់ទងមកកាន់ពួកយើងបាន។
ហេតុអ្វីបានជាត្រូវសិក្សានៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល?
តើសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល មានភាពខុសគ្នាជាមួយនឹងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកបដិសណ្ឋរកិច្ចដ៏ទៃទៀតដូចម្តេចខ្លះ?
-សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល គឺជាសាលាដែលទទួលបានការជឿជាក់ និងកោតសរសើរអំពីសំណាក់អ្នកជំនាញចំពោះគុណភាព និងវិជ្ជាជីវៈ តាមរយៈអតីតសិស្សដែលបានចេញធ្វើការនៅតាមស្ថាប័ន ក៏ដូចជាតាមសណ្ឋាគារ ក្រុមហ៊ុនទេសចរណ៍ និងខ្លះទៀតក៏បានក្លាយជាសហគ្រិនផងដែរ។
-ភាពជាដៃគូជាមួយ សាលាសណ្ឋាគារឡូសាន ដែលជាសាលាដ៏ល្បីល្បាញទូទាំងពិភពលោក និងក្រុមហ៊ុនអាក់គ័រ បានជួយធានានូវគុណភាពកម្មវិធីសិក្សារបស់យើង។
-១០០% នៃសិស្សយើងដែលបានបញ្ចប់ការសិក្សាទទួលបានការងារធ្វើភ្លាមៗបន្ទាប់ពីបញ្ចប់ការសិក្សា។ អតីតសិស្សភាគច្រើនពួកគាត់សិ្ថតក្នុងតំណែងជាអ្នកគ្រប់គ្រង ឬក៏មានអាជីវកម្មផ្ទាល់ខ្លួន។
-ជារៀងរាល់ឆ្នាំយើងតែងតែមានការលើកទឹកចិត្តដល់សិស្សានុសិស្សដែលឆ្នើមជាងគេ (រង្វាន់នោះគឺ ការចុះកម្មសិក្សារយៈពេល០២សប្តាហ៍នៅសាលាសណ្ឋាគារ ឡូសាន ប្រទេសស្វីស ដែលជាសាលាដ៏ល្បីល្បាញនៅក្នុងពិភពលោក ខាងផ្នែកបដិសណ្ឋារកិច្ច និងខ្លះទៀតទទួលបានការចុះកម្មសិក្សារយៈពេល០២ខែ ដោយទទួលបាននូវប្រាក់ខែជាលក្ខណៈហាត់ការងារនៅក្នុងសណ្ឋាគារអាក់គ័រក្រៅប្រទេសផងដែរ)។
កម្មវិធីសិក្សា
តើមានកម្មវិធីសិក្សាសំខាន់ៗ មានអ្វីខ្លះ?
-យើងមានផ្តល់មុខជំនាញសំខាន់ៗចំនួន ០៥ដូចជាៈ ជំនាញប្រតិ្តបត្តិការ ផ្នែកទីភ្នាក់ងារទេសចរណ៍ | ជំនាញសេវាកម្មភ្ញៀវ ផ្នែកការិយាល័យជួរមុខ និងគេហកិច្ច | ជំនាញសេវាកម្មភ្ញៀវ ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ | ជំនាញចម្អិនម្ហូបអាហារ ផ្នែកផលិតកម្មម្ហូបអាហារ | ជំនាញធ្វើនំ ផ្នែកផលិតកម្មម្ហូបអាហារ។
តើទទួលបានវិញ្ញាបនបត្រអ្វី?
-នៅពេលបញ្ចប់ការសិក្សា លោកអ្នកនឹងទទួលបាននូវវិញ្ញាបនបត្រវិជ្ជាជីវៈ២ ក្របខ័ណ្ឌគុណវុឌ្ឍិអាស៊ានកម្រិត១ នៅក្នុងមុខជំនាញសិក្សាដែលលោកអ្នកបានជ្រើសរើស។ វិញ្ញាបនបត្រកម្រិតអាស៊ានត្រូវបានទទួលស្គាល់ដោយ ក្រសួងទេសចរណ៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាស៊ានផងដែរ។
តើសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ទទួលយកសិស្សក្នុងវ័យណាខ្លះ ដើម្បីចូលសិក្សាក្នុងមុខជំនាញរបស់សាលា?
-បាទ/ចាស៎ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូលទទួលយកសិស្សចាប់ពីអាយុ ១៧ឆ្នាំឡើងទៅ ហើយនឹងត្រូវធ្វើតេស្តចូលរៀន។
តើខ្ញុំត្រូវដាក់ពាក្យស្នើសុំ យ៉ាងដូចម្តេច?
-ដើម្បីដាក់ពាក្យស្នើសុំបាន លោកអ្នកអាចដាក់ពាក្យតាមប្រព័ន្ធអនឡាញរបស់សាលាពីទីនេះបាន។
តើខ្ញុំត្រូវដាក់ពាក្យនៅពេលណា?
-កម្មវិធីសិក្សារបស់យើង គឺមានកាលបរិច្ឆេទកំណត់ជាក់លាក់។ សូមមើលលើគេហទំព័ររបស់យើងនៅទីនេះ ដើម្បីទទួលបានកាលបរិច្ឆេទប្រឡង និងសម្រាប់ព័ត៌មានថ្មីៗ។
តើពាក្យស្នើសុំមានបង់ថ្លៃសេវា ដែរឬទេ?
-ពាក្យស្នើសុំ មិនត្រូវបានបង់ថ្លៃសេវានោះទេ។
តើមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីបំពេញពាក្យស្នើសុំរបស់ខ្ញុំ?
-លោកអ្នកត្រូវមានអាយុចាប់ពី ១៧ឆ្នាំឡើងទៅ ហើយត្រូវចេះភាសាអង់គ្លេសកម្រិតមធ្យម(អាចសន្ទនាបាន) ប្រសិនបើអ្នកមានចំណុចទាំងអស់នេះហើយ សូមធ្វើការបំពេញពាក្យស្នើសុំ និងដាក់ពាក្យមកកាន់ផ្នែកការិយាល័យអប់រំដោយផ្ទាល់ ឬតាមរយៈអ៊ីម៉ែលរបស់សាលា [email protected]
បើសិនជាខ្ញុំ មានមិនគ្រប់តាមលក្ខខណ្ឌ តើខ្ញុំត្រូវធ្វើដូចម្តេច?
-សូមទាក់ទងមកកាន់ពួកយើងតាមរយៈ[email protected] សម្រាប់ការណែនាំលម្អិត។
បើសិនជាខ្ញុំធ្លាក់ក្នុងការប្រឡង តើខ្ញុំអាចដាក់ពាក្យម្តងទៀតបាន ដែរឬទេ?
-សូមអញ្ជើញមកជួបពិភាក្សាជាមួយនឹងក្រុមការងារ ការិយាល័យអប់រំនៅឯសាលាដោយផ្ទាល់ ឬក៏ធ្វើការទាក់ទងមកពួកយើងតាមរយៈ[email protected].
តើតម្លៃសិក្សាសម្រាប់មុខជំនាញនីមួយៗថៃ្ល ប៉ុន្មានដែរ?
-៩៤៥ ដុល្លារសម្រាប់ជនជាតិខ្មែរ (តម្លៃវិភាគទាន)
-៣,០០០ ដុល្លារសម្រាប់ជនបរទេស
តើមានការរួមបញ្ជូល អ្វីខ្លះ?
-សៀវភៅសិក្សា ឯកសណ្ឋាន(២ ឈុត) អាហារថ្ងៃត្រង់ ការពិនិត្យសុខភាព ការធានារ៉ាប់រងគ្រោះថ្នាក់ក្នុងម៉ោងសិក្សា ទស្សនកិច្ចសិក្សា ថ្នាក់កំព្យុទ័រ ថ្នាក់ភាសាបរទេស និងការចុះកម្មសិក្សា (៦ ទៅ៨សប្តាហ៍)។
តើខ្ញុំត្រូវបង់ថ្លៃការសិក្សា យ៉ាងដូចម្តេច និងនៅពេលណា?
-កន្លែងសិក្សា គឺមានកំណត់។ សូមធ្វើការបង់ថ្លៃសិក្សាឲ្យបានកាន់តែលឿនកាន់តែប្រសើរ សាលាមិនធានាសម្រាប់អ្នកដែលមកបង់ថ្លៃសិក្សាយឺតនោះទេ។
-អាចបង់ថ្លៃសិក្សាជាសាច់ប្រាក់សុទ្ធ តាមរយៈធនាគារ ឬក៏មូលប្បទានបត្រ។ អាចបង់ថ្លៃសិក្សាជាដំណាក់កាលក៏បាន សូមអញ្ជើញមកជួបក្រុមការងារផ្នែកការិយាល័យអប់រំ ឬក៏ផ្ញើអ៊ីម៉ែលមកកាន់យើង [email protected]។
-ការបង់ថ្លៃសិក្សា គឺមិនអាចដូរយកប្រាក់វិញបានទេ។
តើសាលាមានផ្តល់អាហារូបករណ៍ ដែរឬទេ?
-សាលាមានអាហារូបករណ៍១០០% និងតាមចំនួន សម្រាប់សិស្សានុសិស្សក្រីក្រដែលត្រូវទៅនឹងលក្ខខណ្ឌវិនិច្ឆ័យរបស់សាលា។ បើសិនជាលោកអ្នកត្រូវការជំនួយ សូមធ្វើការទាក់ទងមកកាន់យើងតាមរយៈអ៊ីម៉ែល[email protected]។
កគ្រប់គ្រងបដិសណ្ឋារកិច្ច
តើទទួលបានអត្ថប្រយោជន៍ អ្វីខ្លះពីកម្មវិធីសិក្សានេះ?
-កម្មវិធីសិក្សានេះបានបង្កើតឡើងដោយមានការគាំទ្រពីសាលាសណ្ឋាគារ ឡូសានដែលជាសាលាដ៏ល្បីល្បាញក្នុងពិភពលោក ហើយនឹងមានការអនុញ្ញាតទទួលស្គាល់ពីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា។
-កម្មវិធីសិក្សានេះមាន ៦ចំណុចសំខាន់ក្នុងផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ចតាមរយៈការសិក្សាចំនួន ២២មុខវិជ្ជាដូចជាៈ ថ្នាក់ជំនួញភាសាអង់គ្លេស ព័ត៌មានវិទ្យា ផ្នែករដ្ឋបាលទូទៅ និងផ្នែកធនធានមនុស្ស ផ្នែកលក់ និងទីផ្សារ ផ្នែកគ្រប់គ្រង និងផ្នែកហិរញ្ញវត្ថុ។
-អភិវឌ្ឍភាពជាអ្នកដឹកនាំ និងជំនាញទន់ដើម្បីឲ្យក្លាយជាអ្នកគ្រប់គ្រងដែលប្រកបទៅដោយប្រសិទ្ធភាពតាមរយៈស្ថានភាពជីវិតជាក់ស្តែង និងក្រុមស្រាវជ្រាវ។
តើខ្ញុំត្រូវដាក់ពាក្យស្នើសុំ យ៉ាងដូចម្តេច?
-ដើម្បីដាក់ពាក្យស្នើសុំបាន លោកអ្នកអាចដាក់ពាក្យតាមប្រព័ន្ធអនឡាញរបស់សាលាពីទីនេះបាន។
-គ្រប់បេក្ខជនទាំងអស់ត្រូវផ្ញើពាក្យស្នើសុំចូលសិក្សា ប្រវត្តិរូបសង្ខេប អត្តសញ្ញាណប័ណ្ណថតចម្លង វិញ្ញាបនបត្រ និងលិខិតផ្សេងៗដែលពាក់ព័ន្ធ មកកាន់សាលា។
តើខ្ញុំត្រូវដាក់ពាក្យនៅពេលណា?
-វគ្គតម្រង់ទិសសិក្សានឹងត្រូវធ្វើឡើងនៅក្នុងខែកក្កដា និងខែសីហា។ លោកអ្នកអាចដាក់ពាក្យនៅពេលនោះក៏បាន ឬក៏៤សប្តាហ៍មុនកម្មវិធីសិក្សាចាប់ផ្តើម។
តើពាក្យស្នើសុំមានបង់ថ្លៃសេវា ដែរឬទេ?
-ពាក្យស្នើសុំ មិនត្រូវបានបង់ថ្លៃសេវានោះទេ។
តើត្រូវការលក្ខខណ្ឌអ្វីខ្លះ ដើម្បីបំពេញពាក្យស្នើសុំរបស់ខ្ញុំ?
-បញ្ចប់ការសិក្សានៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ជាមួយនឹងបទពិសោធន៍ការងារយ៉ាងតិចរយៈពេល ០១ឆ្នាំ ឬក៏បុគ្គលិកធ្វើការក្រៅម៉ោងកំឡុងពេលកម្មវិធីសិក្សាដំណើរការ ឬនៅក្នុងវិស័យដែលពាក់ព័ន្ធជាមួយនឹងបទពិសោធន៍ការងារយ៉ាងតិចរយៈពេល ០៣ឆ្នាំ (ត្រូវទទួលបានវិញ្ញាបនបត្រទទួលស្គាល់ពីការវាយតម្លៃការសិក្សាពីមុន មុននឹងបញ្ចប់ការសិក្សានៅសាលា)
តើពេលសិក្សា យ៉ាងដូចម្តេច?
-កម្មវិធីសិក្សា គឺសិក្សាជាលក្ខណៈក្រៅម៉ោងចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១៨:០០-២១:០០ រយៈពេលនៃការសិក្សា ១០ខែ (ចាប់ពីខែកញ្ញា ដល់ខែមិថុនា)។
តើទទួលបានវិញ្ញាបនបត្រអ្វី?
-នៅពេលបញ្ចប់ការសិក្សា លោកអ្នកនឹងទទួលបានសញ្ញាបត្រវិជ្ជាជីវៈផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ច ក្របខ័ណ្ឌគុណវុឌ្ឍិអាស៊ានកម្រិត៤ ដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍ និងអាស៊ានផងដែរ។
តើតម្លៃសិក្សា ប៉ុន្មានដែរ?
-១,៥៧៥ ដុល្លារ សម្រាប់ជនជាតិខ្មែរ(តម្លៃវិភាគទាន)
-៤,៥០០ ដុល្លារ សម្រាប់ជនបរទេស។
តើមានការរួមបញ្ជូល អ្វីខ្លះ?
-ការបណ្តុះបណ្តាលដោយគ្រូជំនាញជាតិ និងអន្តរជាតិដែលមានគុណភាពខ្ពស់និងបទពិសោធន៍ ព្រមទាំងមានទំនាក់ទំនងជាមួយដៃគូដូចជា ក្រុមហ៊ុនអាក់គ័រ និងសាលាសណ្ឋាគារ ឡូសាន។
-សម្ភារៈសិក្សា រួមជាមួយនឹងផ្នែកសេវាកម្មរដ្ឋបាល ត្រូវបានផ្តល់តាមរយៈកម្មវិធីសិក្សា។
-ការធានារ៉ាប់រងគ្រោះថ្នាក់ក្នុងម៉ោងសិក្សា កន្លែងចតយានជំនិះ អាហារសម្រន់ ការប្រើប្រាស់បណ្ណាល័យ។
តើខ្ញុំត្រូវបង់ថ្លៃការសិក្សា យ៉ាងដូចម្តេច និងនៅពេលណា?
-សម្រាប់ការបង់ថ្លៃសិក្សាពេញនឹងទទួលបានការបញ្ចុះតម្លៃចំនួន ៥%
-សម្រាប់ការបង់ថ្លៃសិក្សាជាលក្ខណៈបង់បណ្តាក់ៈ លើកទី១ ៥០%នៃថ្លៃសិក្សា ១ខែក្រោយបង់ ២៥% និង២ខែក្រោយទៀតបង់ ២៥%ទៀត ហើយគ្មានការបញ្ចុះតម្លៃសម្រាប់ការបង់ថ្លៃសិក្សាលក្ខណៈបង់បណ្តាក់។
-ការបង់ថ្លៃសិក្សា គឺមិនអាចដូរយកប្រាក់វិញបានទេ។
តើសាលាមានផ្តល់អាហារូបករណ៍ ដែរឬទេ?
-សាលាមានអាហារូបករណ៍១០០% និងតាមចំនួន សម្រាប់សិស្សានុសិស្សក្រីក្រដែលត្រូវទៅនឹងលក្ខខណ្ឌវិនិច្ឆ័យរបស់សាលា។ បើសិនជាលោកអ្នកត្រូវការជំនួយ សូមធ្វើការទាក់ទងមកកាន់យើងតាមរយៈអ៊ីម៉ែល [email protected]
សាលា
តើខ្ញុំអាចទស្សនកិច្ចសាលា បានដែរឬទេ?
-សូមធ្វើការទាក់ទងមកកាន់យើងតាមរយៈអ៊ីម៉ែល [email protected] ជាមួយនឹងឈ្មោះរបស់លោកអ្នក អង្គភាព និងហេតុផលសម្រាប់ការទស្សនកិច្ចនេះ។ ពួកយើងនឹងធ្វើការឆ្លើយតបទៅកាន់លោកអ្នកក្នុងរយៈពេល ៤៨ម៉ោង។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍សិក្សានៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល សូមចូលរួមជាមួយពួកយើងនៅពិព័រណ៍កម្មវិធីសិក្សា (សូមមើសប្រតិទិនរបស់សាលាសម្រាប់ព័ត៌មាន)។
តើខ្ញុំអាចរៀបចំកម្មវិធីនៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល បានឬទេ?
-ប្រាកដណាស់ សាលាមានគ្រឿងបរិក្ខារជាច្រើនប្រភេទដែលអាចតម្រូវទៅតាមកម្មវិធីរបស់លោកអ្នកបាន។ សាលាក៏មានបម្រើសេវាកម្មម្ហូបអាហារ អាហារសម្រន់ និងមានថ្នាក់បង្រៀនធ្វើម្ហូបផងដែរ។ សូមចូលមើលព័ត៌មានបន្ថែម រឺទាក់ទងនឹងការកក់ទុកមុននៅទីនេះ [email protected]។
តើខ្ញុំអាចចូលរួមជួយសាលាបាន យ៉ាងដូចម្តេច?
-លោកអ្នកអាចចូលរួមជាផ្នែកមួយនៃការអភិវឌ្ឍអាជីពរបស់សិស្ស និងចូលរួមក្នុងការអប់រំរបស់ពួកគេតាមរយៈការឧបត្ថម្ភ ឬការបរិច្ចាគផ្សេងៗ។
-លោកអ្នកអាចចូលរួមចែករំលែកបទពិសោធន៍ និងធ្វើជាដៃគូ ឬអ្នកស្ម័គ្រចិត្តជាមួយពួកយើងបាន។
តើខ្ញុំអាចឧបត្ថម្ភលើការសិក្សារបស់សិស្ស បានយ៉ាងដូចម្តេច?
-លោកអ្នកអាចធ្វើការជ្រើសរើសបានដូចជាៈ ២,៨០០ ដុល្លារសម្រាប់ការឧបត្ថម្ភពេញលេញ ឬ៩៤៥ ដុល្លារសម្រាប់ការឧបត្ថម្ភដោយផ្នែក ។
-ជម្រើសនៃការឧបត្ថម្ភប្រាក់រួមមាន៖ ការទូទាត់តាមប្រព័ន្ធអនឡាញ កាតឥណទាន និងការផ្ទេរប្រាក់តាមធនាគារទៅកាន់ប្រទេសកម្ពុជា ប្រទេសស្វីស ឬក៏ប្រទេសបារាំង។ វិក័យប័ត្រនៃការឧបត្ថម្ភប្រាក់នឹងត្រូវបានផ្ញើចេញពីថ្នាក់ដឹកនាំសាលានៅប្រទេសស្វីស ឬប្រទេសបារាំងតាមការស្នើសុំ។ សម្រាប់ព័ត៌មានលម្អិតសូមមើលទំព័រ“ បរិច្ចាគ” នៅទីនេះ។
ភោជនីយដ្ឋាន និងបន្ទប់សណ្ឋាគារអនុវត្ត
តើភោជនីយដ្ឋានបើកនៅពេលណាខ្លះ?
-យើងបើកចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ១២:០០ ដល់១៤:០០ (ខែតុលា ដល់ខែមិថុនា) ។
តើភោជនីយដ្ឋានស្ថិតនៅទីណា?
-ភោជនីយដ្ឋានអនុវត្ត មានទីតាំងនៅខាងក្នុងសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ធ្វើដំណើរប្រហែល ១០នាទីពីក្រុងសៀមរាបឬ ៥នាទីពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប។
តើខ្ញុំអាចមើលមុខម្ហូបបានទេ?
-សូមមើលបញ្ជីមុខម្ហូបរបស់យើងនៅទីនេះ។ ជ្រើសរើសមុខម្ហូបដែលបានដាក់បង្រៀនពីរមុខដែលរៀបចំ និងបម្រើជូនដោយសិស្សរបស់យើងដែលស្ថិតក្រោមការគ្រប់គ្រងពីគ្រូរបស់ពួកគាត់។
បើសិនជាខ្ញុំមានប្រតិកម្មអាហារ និងរបបអាហារជាក់លាក់ តើខ្ញុំត្រូវធ្វើដូចម្តេច?
-សូមប្រាប់យើងអោយដឹងជាមុនពីតម្រូវការរបស់អ្នកនៅពេលអ្នកកក់ ជម្រើសផ្សេងៗនឹងត្រូវផ្តល់ជូនជានិច្ច។
តើកុមារស្វាគមន៍ ដែរឬទេ?
-ប្រាកដណាស់សូមមេត្តាប្រាប់យើងជាមុនដើម្បីរៀបចំតាមតម្រូវការរបស់កុមារ។
តើខ្ញុំអាចកក់បន្ទប់សណ្ឋាគារអនុវត្តសម្រាប់ស្នាក់នៅ បានដែរឬទេ?
-ពិតជាបាន សូមផ្ញើអ៊ីម៉ែលមកកាន់យើងនូវសំណើរ [email protected] ជាមួយនឹងឈ្មោះរបស់លោកអ្នក ព័ត៌មានទំនាក់ទំនងលម្អិត កាលបរិច្ឆេទនៃការមកដល់ និងចំនួនយប់ហើយនឹងចំនួនភ្ញៀវស្នាក់នៅ។ លោកអ្នកក៏អាចទូរស័ព្ទមកយើងតាមរយៈលេខ +៨៥៥ (០) ៨៩ ៦២៩ ៣៩៨ ។
សូមបញ្ជាក់ថាយើងអាចទទួលយកការស្នាក់នៅក្នុងចន្លោះពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រតែប៉ុណ្ណោះ។
តើក្នុងមួយយប់ តម្លៃប៉ុន្មាន?
-អត្រាតម្លៃក្នុងមួយបន្ទប់គឺ ៤៥ដុល្លារសម្រាប់១យប់ រួមបញ្ជូលជាមួយអាហារពេលព្រឹកសម្រាប់មនុស្ស ២នាក់។ ចំណាំ៖ រាល់បន្ទប់ទាំងអស់មិនអនុញ្ញាតអោយជក់បារីទេ។
តើនៅក្នុងបន្ទប់មានអ្វីខ្លះ?
-បន្ទប់ទឹក ឧបករណ៍ឆុងតែ និងកាហ្វេ ទូរទឹកកក អ៊ីនធឺណិត និងទូរទស្សន៍ខ្សែកាប។